ក្រសួងទេសចរណ៍បានរៀបចំកិច្ចប្រជុំរដ្ឋ-ឯកជនពិគ្រោះពិភាក្សាជាមួយផ្នែកឯកជនក្នុងវិស័យទេសចរណ៍ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងមានការចូលរួមពីវិស័យឯកជន
នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ នៅទីស្តីការក្រសួងទេសចរណ៍ ក្រសួងទេសចរណ៍បានរៀបចំកិច្ចប្រជុំរដ្ឋ-ឯកជនពិគ្រោះពិភាក្សាជាមួយផ្នែកឯកជនក្នុងវិស័យទេសចរណ៍ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងមានការចូលរួមពីវិស័យឯកជន រួមមាន សមាគមទេសចរណ៍កម្ពុជា, សមាគមភោជនីយដ្ឋានកម្ពុជា, សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា, សមាគមសណ្ឋាគារកម្ពុជា និងសហព័ន្ធទេសចរណ៍កម្ពុជា ផ្តោតលើការពិនិត្យសេចក្តីព្រាងផែនទីចង្អុលផ្លូវ ស្តីពី ផែនការស្ដារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុង និងក្រោយវិបត្តិកូវីដ-១៩ (២០២០-២០២៥)។
អង្គប្រជុំឯកភាពថាការរៀបចំផែនទីចង្អុលផ្លូវនេះនឹងក្លាយជាយន្តការដ៏មានសារៈសំខាន់ចាំបាច់ សម្រាប់ការឆ្លើយតបទៅនឹងស្ថានភាពនាពេលបច្ចុប្បន្ន ក៏ដូចជាអនាគតដែលជាផ្នែកមួយសំខាន់នៃចក្ខុវិស័យកម្ពុជានឹងត្រូវសម្រេចឱ្យបាន ខណៈវិស័យឯកជនក៏បានបង្ហាញការគាំទ្រភាគច្រើនជាមួយផែនការសកម្មភាព ដែលក្រសួងទេសចរណ៍បានលើកឡើងក្នុងសេចក្តីព្រាងផែនទីចង្អុលផ្លូវរួចហើយ។
ផែនទីចង្អុលផ្លូវស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ (២០២០-២០២៥) គ្រោងដាក់ឆ្លងក្នុងកិច្ចប្រជុំគណៈកម្មការជាតិអភិវឌ្ឍន៍ទេសចរណ៍ នាពេលខាងមុខនេះ មុនដាក់ឆ្លងរាជរដ្ឋាភិបាល។