ក្រសួងទេសចរណ៍បិទវគ្គមគ្គុទ្ទេសក៏ទេសចរណ៍ថ្នាក់សហគមន៍ និងវគ្គបណ្តុះបណ្តាលគ្រូបង្គោលវាយតំលៃចលនាប្រលងប្រណាំងសហគមន៍ទេសចរណ៍គំរូលើកទី២ នៅសហគមន៍ទេសចរណ៍បន្ទាយឆ្មារ ខេត្តបន្ទាយមានជ័យ
ក្រសួងទេសចរណ៍បិទវគ្គមគ្គុទ្ទេសក៏ទេសចរណ៍ថ្នាក់សហគមន៍ និងវគ្គបណ្តុះបណ្តាលគ្រូបង្គោលវាយតំលៃចលនាប្រលងប្រណាំងសហគមន៍ទេសចរណ៍គំរូលើកទី២ នៅសហគមន៍ទេសចរណ៍បន្ទាយឆ្មារ ខេត្តបន្ទាយមានជ័យ
កាលពីព្រឹកថ្ងៃទី១៣ រោច ខែពិសាខ ឆ្នាំកុរ ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ ក្រសួងទេសចរណ៍បានរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោលវាយតម្លៃចលនាប្រឡងប្រណាំងសហគមន៍ទេសចរណ៍គំរូលើកទី២ឆ្នាំ២១៩ ទៅដល់មន្រ្តីបង្គោលមន្ទីរទេសចរណ៍រាជធានី-ខេត្ត នៅទីស្នាក់ការសហគមន៍ទេសចរណ៍បន្ទាយឆ្មារ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ក្រោមអធិបតីភាព ឯកឧត្តម តុប សុភ័ក អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍។
ព្រមជាមួយនេះ នារសៀលថ្ងៃដដែល ក្រសួងទេសចរណ៍សហការជាមួយមន្ទីរទេសចរណ៍ខេត្តបន្ទាយមានជ័យក៏បានរៀបចំពិធីបិទវគ្គបណ្តុះបណ្តាលមគ្គទ្ទេសក៍ទេសចរណ៍ថ្នាក់សហគមន៍ សម្រាប់សហគមន៍ទេសចរណ៍បន្ទាយឆ្មារ នៅក្នុងបរិវេណប្រាសាទបន្ទាយឆ្មារ ក្រោមអធិបតីភាព លោកជំទាវឧកញ៉ា ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ប្រធានកិត្តិយសសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងការអភិវឌ្ឍន៍ខេត្តបន្ទាយមានជ័យ ឯកឧត្តម តុប សុភ័ក អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងលោកជំទាវ រស់ សុផានី អភិបាលរងខេត្តបន្ទាយជ័យ ដែលមានសិក្ខាកាមមកពីសមាជិក សមាជិកាសហគមន៍ទេសចរណ៍បន្ទាយឆ្មារ អាជ្ញាធរមូលដ្ឋាន យុវជនស.ស.យ.ក និងអ្នកពាក់ព័ន្ធនៅជុំវិញប្រាសាទបន្ទាយឆ្មារ សរុបចំនួន ៥១នាក់ ស្រីចំនួន ១៦នាក់ និងបានចែកវិញ្ញាបនបត្របញ្ជាក់ការសិក្សាដល់សិក្ខាកាមគ្រប់ៗគ្នា។
វគ្គបណ្តុះបណ្តាលនេះមានរយៈពេល៥ថ្ងៃ ដែលបានចាប់ផ្តើមតាំងពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ និងបានបិទបញ្ចប់ប្រកបដោយជោគជ័យនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩នេះ។