ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា នឹងលើកបញ្ហាសំខាន់ៗមួយចំនួន ដាក់ជូនរាជរដ្ឋាភិបាលដោះស្រាយ ដើម្បីទាក់ទាញកំណើនទេសចរ
ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា
(ភ្នំពេញ)៖ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (ក.ផ.ផ) បានឯកភាពគ្នានឹងលើកយកដំណោះស្រាយមួយចំនួន ពាក់ព័ន្ធនឹងវិស័យទេសចរណ៍ដាក់ជូនរាជរដ្ឋាភិបាល ដើម្បីកំណត់យុទ្ធសាស្ត្រទាក់ទាញកំណើនទេសចរមកកម្សាន្តនៅកម្ពុជាបន្ថែម ពិសេសគឺគោលដៅទេសចរណ៍សំខាន់ៗរបស់កម្ពុជា។
ការឯកភាពគ្នានេះ ត្រូវបានធ្វើឡើងបន្ទាប់ពីមានកិច្ចប្រជុំពិភាក្សាអស់រយៈពេលជិតកន្លះថ្ងៃ នៅទីស្ដីការក្រសួងទេសចរណ៍ នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ ក្រោមអធិបតីភាពឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា។
ក្នុងកិច្ចប្រជុំខាងលើ អង្គប្រជុំរបស់ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា បានលើកឡើងពីរបាយការណ៍ត្រីមាស និងសេចក្ដីព្រាងបទបញ្ជាផ្ទៃក្នុង លក្ខន្តិកៈ រចនាសម្ព័ន្ធក្រុមប្រឹក្សា និងរចនាសម្ព័ន្ធលេខាធិការដ្ឋានរបស់ ក.ផ.ផ។
ជាមួយគ្នានោះ ប្រធាន និងសមាជិក ក.ផ.ផ បានលើកឡើងនូវបញ្ហាជាក់ស្ដែងមួយចំនួន ដែលកើតមានក្នុងវិស័យទេសចរណ៍កម្ពុជាបច្ចុប្បន្ន ក្នុងនោះរួមមាន៖
* កិច្ចការទិដ្ឋាការរបស់ភ្ញៀវទេសចរអន្តរជាតិ៖ ត្រូវបានលោករដ្ឋមន្ត្រី ថោង ខុន លើកឡើងនូវមតិយោបល់ចង់ឱ្យមានការលើកលែងទិដ្ឋាការជូនភ្ញៀវទេសចរអន្តរជាតិ។
* កិច្ចការផ្សព្វផ្សាយពីវិស័យទេសចរណ៍របស់កម្ពុជាទៅកាន់ទីផ្សារទេសចរណ៍ក្រៅប្រទេសនានា ពិសេសត្រូវត្រៀមខ្លួនរៀបចំវេទិកាទេសចរណ៍អាស៊ាន នៅឆ្នាំ២០២១ និងការរៀបចំព្រឹត្តិការណ៍ទេសចរណ៍ធំៗដទៃទៀត ដូចជា CTM 2019 ការទទួលភ្ញៀវទេសចរចិន ២០០០នាក់ នាពេលខាងមុខ។
* កិច្ចការតភ្ជាប់ជើងហោះហើរដឹកជញ្ជូនភ្ញៀវទេសចរពីនាវាទេសចរណ៍នៅខេត្តព្រះសីហនុ ទៅកាន់ខេត្តសៀមរាប-អង្គរ ខណៈបច្ចុប្បន្នមិនទាន់មានក្រុមហ៊ុនណាមួយរៀបចំខ្សែទស្សនកិច្ចនេះនៅឡើយ។ ម្យ៉ាងទៀត លោកក៏បានជំរុញឱ្យមានជើងហោះហើរសម្រាប់ភ្ញៀវទេសចរប្រភេទនេះផងដែរ។
* កិច្ចការពង្រីកជើងហោះហើរពីប្រទេសឥណ្ឌា ដើម្បីទាក់ទាញកំណើនទេសចរឥណ្ឌា និងទេសចរទីបីនៅប្រទេសឥណ្ឌាបន្ថែម។
* កិច្ចការបង្កើតផលិតផលទេសចរណ៍ថ្មីៗឱ្យបានច្រើននៅខេត្តសៀមរាប ដើម្បីបំពេញតម្រូវការកម្សាន្តជូនភ្ញៀវទេសចរក្រៅពីប្រាសាទអង្គរវត្ត និងប្រាសាទសំខាន់ដទៃទៀត ពិសេសលោកក៏បានលើកពីបំណងចង់រៀបចំតំបន់បឹងទន្លេសាប និងតំបន់ជួរភ្នំគូលែងឱ្យទៅផលិតផលទេសចរណ៍ថ្មីសម្រាប់កម្ពុជាផងដែរ។
* បញ្ហាលក់វត្ថុអនុស្សាវរីយ៍ និងទំនិញនានាជូនភ្ញៀវទេសចរ ខណៈការក្លែងបន្លំលក់ទំនិញក្លែងក្លាយ និងទំនិញគ្មានគុណភាពឱ្យភ្ញៀវនៅតែមាន។
* បញ្ហាប្រព័ន្ធហេដ្ឋារចនាសម្ពន្ធនៅក្នុងក្រុងសៀមរាប និងនៅតាមតំបន់ទេសចរណ៍មួយចំនួនមិនទាន់ត្រូវបានរៀបចំឱ្យសមសួន និងបង្កការរុញរាអំពីភ្ញៀវទេសចរដែលចង់ទស្សនានៅកម្ពុជា។
ក្រៅពីនេះនៅមានបញ្ហាមួយចំនួនទៀត ដែលប៉ះពាល់ដល់ការទាក់ទាញកំណើនទេសចរអន្តរជាតិ ហើយអង្គប្រជុំបានឯកភាពគ្នានឹងលើកបញ្ហាទាំងនេះទៅពិភាក្សាគ្នាបន្តបន្ទាប់ទៀត ហើយនឹងដាក់ជូនរាជរដ្ឋាភិបាល ដើម្បីកំណត់យុទ្ធសាស្ត្រដោះស្រាយទាំងនោះឱ្យបានត្រឹមត្រូវ។
សូមជម្រាបថា ប្រធានក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា មានសមាភាពចូលរួមពីក្រសួងទេសចរណ៍ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រដ្ឋាលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា សមាគមទីភ្នាក់ងារទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក ក្រុមហ៊ុនអាកាសចរណ៍អង្គរអ៊ែរ និងវិស័យឯកជនពាក់ព័ន្ធដទៃទៀត៕