ក្រុមការងារក្រសួងទេសចរណ៍ ចុះត្រួតពិនិត្យជំរុញការអនុវត្តវិធានសុវត្ថិភាព និងពង្រឹងគុណភាពសេវាកម្មទេសចរណ៍ តាមបណ្តារាជធានី-ខេត្ត
(ភ្នំពេញ)៖ ដើម្បីធានាឲ្យបានថា ការគ្រប់គ្រងតាមបណ្តាគោលដៅតំបន់ទេសចរណ៍នានា ប្រកបដោយសុវត្ថិភាព និងការទទួលខុសត្រូវ ផ្តល់ការទុកចិត្តដល់ភ្ញៀវទេសចរ ក៏ដូចជាជួយជំរុញដល់កំណើនចលនាទេសចរណ៍ក្នុងស្រុក ប្រកបដោយនិរន្តរភាព ក្រសួងទេសចរណ៍បានដាក់ចេញនូវវិធានសុវត្ថិភាពទេសចរណ៍ ក្នុងនោះក៏មានការបង្កើតក្រុមការងារទទួលបន្ទុកចុះត្រួតពិនិត្យ និងជំរុញការអនុវត្តវិធានសុវត្ថិភាពតាមបណ្តារាជធានី-ខេត្ត ទូទាំងប្រទេស។
ថ្មីៗនេះ អនុក្រុមការងារទទួលបន្ទុក ចុះជំរុញការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍តាមគោលដៅខេត្តតំបន់ឆ្នេរសមុទ្រ និងខេត្តភូមិភាគឥសាន្ត ដឹកនាំដោយឯកឧត្តម នី ផល្លី អនុរដ្ឋលេខាធិការ តំណាងឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានសហការជាមួយរដ្ឋបាលខេត្ត ដែលមានមន្ទីរទេសចរណ៍ជាសេនាធិការ ដោយមានការចូលរួមពី រដ្ឋបាលក្រុង-ស្រុក មន្ទីរអង្គភាពជំនាញ និងអាជ្ញាធរមូលដ្ឋានចុះជំរុញការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ទាំង៦ នៅតាមបណ្តាគោលដៅខេត្តទាំង៨ តាមកាលបរិច្ឆេទដូចខាងក្រោម៖
* តំបន់ឆ្នេរ (ទិសនិរតី)៖ ខេត្តកំពត ខេត្តកែប ខេត្តកោះកុង និងខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០
* តំបន់អេកូទេសចរណ៍ (ទិសឥសាន្ត)៖ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី ចាប់ពីថ្ងៃទី២៩ ខែកញ្ញា ដល់ថ្ងៃទី២ ខែតុលា ឆ្នាំ២០២០
ជាលទ្ធផលនៃការចុះត្រួតពិនិត្យ ឯកឧត្តម នី ផល្លី បានកត់សម្គាល់ឃើញថា រដ្ឋបាលខេត្តក្នុងគោលដៅខាងលើ ដែលមានអង្គភាពមន្ទីរជំនាញជាសេនាធិការ មានការយកចិត្តទុកដាក់ខ្ពស់ និងខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការផ្សព្វផ្សាយ អប់រំ និងជំរុញដល់មូលដ្ឋានអាជីវកម្មទេសចរណ៍ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ក្នុងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ឲ្យបានខ្ជាប់ខ្ជួន។ ក្នុងនោះក៏សង្កេតឃើញថា មូលដ្ឋានអាជីវកម្មមួយចំនួនបានយល់ និងអនុវត្តតាមបានត្រឹមត្រូវធ្វើឲ្យមានទំនុកចិត្តពីភ្ញៀវទេសចរ។
ទន្ទឹមនេះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានសំណូមពរឲ្យមានការចូលរួមពីប្រជាពលរដ្ឋឲ្យបានផុលផុស និងបានស្នើដល់មូលដ្ឋានអាជីវកម្ម និងរមណីយដ្ឋានទេសចរណ៍ទាំងអស់ បន្តអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ឲ្យបានជាប្រចាំ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។
គួរបញ្ជាក់ផងដែរថា វិធានសុវត្ថិភាពទេសចរណ៍ទាំង៦ ត្រូវបានដាក់ចេញដោយក្រសួងទេសចរណ៍ ដេីម្បីទប់ស្កាត់ជំងឺកូវីដ១៩ ក្នុងនោះរួមមាន៖
១៖ វិធានសុវត្ថិភាពទេសចរណ៍សម្រាប់សេវាកម្មស្នាក់នៅទេសចរណ៍
២៖ វិធានសុវត្តិភាពទេសចរណ៍សម្រាប់សេវាកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍
៣៖ វិធានសុវត្ថិភាពទេសចរណ៍សម្រាប់សេវាកម្មដឹកជញ្ជូនទេសចរណ៍ផ្លូវគោក
៤៖ វិធានសុវត្តិភាពទេសចរណ៍សម្រាប់សេវាកម្មដឹកជញ្ចូនទេសចរណ៍ផ្លូវទឹក
៥៖ វិធានសុវត្តិភាពទេសចរណ៍សម្រាប់សេវាកម្មរមណីយដ្ឋានទេសចរណ៍
៦៖ វិធានសុវត្តិភាពទេសចរណ៍សម្រាប់សហគមន៍ទេសចរណ៍៕