កម្ពុជាដាក់ចេញគោលដៅឆ្នាំ២០២៣ ពោពេញទៅ ដោយបដិសណ្ឋារកិច្ច ល្អដើម្បីត្រៀមធ្វើជាម្ចាស់ផ្ទះ
កម្ពុជាដាក់ចេញគោលដៅឆ្នាំ២០២៣ ពោពេញទៅដោយបដិសណ្ឋារកិច្ចល្អដើម្បីត្រៀមធ្វើជាម្ចាស់ផ្ទះព្រឹត្តការណ៍ SEA-Game 2023 ខាងមុខនេះ
(រាជធានីភ្នំពេញ)៖ ថ្លែងក្នុងពិធីប្រគល់ជ័យលាភីបដិសណ្ឋារកិច្ចល្អក្នុងវិស័យទេសចរណ៍លើកទី១ ឆ្នាំ២០១៨ អមជាមួយការប្រកាសដាក់ឱ្យដំណើរការកម្មវិធីទូរស័ព្ទ (Mobile App) ចលនាប្រឡងប្រណាំងបដិ-សណ្ឋារកិច្ចល្អក្នុងវិស័យទេសចរណ៍ និងច្រកទ្វារអន្តរជាតិ និងការប្រកាសចលនាប្រឡងប្រណាំង “បដិសណ្ឋារ-កិច្ចល្អក្នុងវិស័យទេសចរណ៍លើកទី២ ឆ្នាំ២០១៩” កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ នៅសណ្ឋាគារភ្នំពេញ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងថា៖ “កម្ពុជាដាក់ចេញគោលដៅឆ្នាំ២០២៣ ពោពេញទៅដោយបដិសណ្ឋារកិច្ចល្អដើម្បីត្រៀមធ្វើជាម្ចាស់ផ្ទះព្រឹត្តការណ៍ SEA-Game 2023” ក្នុងពិធីនោះឯកឧត្តមរដ្ឋមន្ដ្រីក៏បានប្រគល់ជ័យលាភី “បដិសណ្ឋារកិច្ចល្អក្នុងវិស័យទេសចរណ៍” លើកទី១ ឆ្នាំ២០១៨ ដល់់មូលដ្ឋានអាជីវកម្មទេសចរណ៍ចំនួន ៥៤ (ជ័យលាភីស្នាមញញឹម៣ចំនួន៖ ៣៩, ជ័យលាភីស្នាមញញឹមចំនួន៖ ១២ និងជ័យលាភីស្នា មញ ញឹម១ចំនួន៖ ០៣) ដល់សណ្ឋាគារ និងសេវាស្នាក់នៅចំនួន ២១ទីតាំង, ភោជនីយដ្ឋានចំនួន ២០ទីតាំង, ទីភ្នាក់ងារទេសចរណ៍ចំនួន ០៤ទីតាំង, ហាងស្ប៉ា និងម៉ាស្សាចំនួន ០៤ទីតាំង, មណ្ឌលកម្សាន្ដទេសចរណ៍មនុស្សពេញវ័យចំនួន ០៣ទីតាំង និងរមណីយដ្ឋានទេសចរណ៍ចំនួន ០២ទីតាំង។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ដ្រី ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ ក៏បានមានប្រសាសន៍ថា ដើម្បីកម្ពុជាជាគោលដៅទសចរណ៍ប្រកបដោយភាពទាក់ទាញ និងកក់ក្ដៅដល់ភ្ញៀវទេសចរ និងដើម្បីឆ្ពោះទៅព្រឹត្តការណ៍ SEA Game 2023 ព្រមទាំងដើម្បីសម្រេចចក្ខុវិស័យរបស់ក្រសួងទេសចរណ៍ក្នុងការទាក់ទាញទេសចរណ៍ ៧លាននាក់ក្នុងឆ្នាំ២០២០ និង១៥លាននាក់ក្នុងឆ្នាំ២០៣០ក្នុងនោះឯកឧត្តមរដ្ឋមន្ដ្រីបានស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធ ផ្នែកឯកជនបន្ដរួមគ្នាអនុវត្តទិសដៅយុទ្ធសាស្ដ្រសំខាន់ ០២ដូច ខាង ក្រោម៖
• ទិសដៅយុទ្ធសាស្ដ្រទី១៖ ភាពស្អាត និងបៃតង (Clean & Green)៖ ឯកឧត្តមរដ្ឋមន្ដ្រី បានអំពាវនាវឱ្យបន្ដចូលរួមក្នុងចលនាប្រឡងប្រណាំង “ទីក្រុងស្អាត រមណីដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ” និងក៏បានលើកឡើងអំពីការអនុវត្តនូវស្ដង់ដានានាដែលកម្ពុជា និងអាស៊ានដាក់ចេញ។ ជាងនេះទៅទៀត ឯកឧត្តមក៏បានអំពាវនាវឱ្យគ្រប់ទីកន្លែងសាធារណៈទាំងអស់ត្រូវតែស្អាត មានអនាម័យ និងគ្មានសំរាម (ជាពិសេសសំរាមជាថង់ប្លាស្ទិក)។ នៅតាមមូលដ្ឋានអាជីវកម្មទេសចរណ៍ទាំងអស់ត្រូវតែសម្អាតឱ្យបានស្អាត និបន្ទប់ទឹកត្រូវតែមានអនាម័យជាប់ជាប្រចាំ។
• ទិសដៅយុទ្ធសាស្ដ្រទី២៖ “បន្ដផ្ដល់បដិសណ្ឋារកិច្ចល្អឱ្យក្លាយជារបៀបវារៈជាតិ”៖ សូមបញ្ជាក់ថាយោងតាមទស្សនាវដ្ដី Rough Guides គឺជាស្ថាប័នបោះពុម្ពផ្សាយនៅឆ្នាំ២០១៦ អំពីការធ្វើដំណើរទេសចរណ៍ដ៏ឈានមុខគេមួយនៅក្នុងក្នុងពិភពលោកបានបញ្ជាក់ថា៖ “ប្រទេសកម្ពុជាជាប្រទេសដែលមានប្រជាជនរួសរាយរាក់ទាក់បំផុតទី១ ក្នុងចំណោមប្រទេសដែលមានប្រជាជនរួស រាយរាក់ទាក់ជាងគេទាំង១០ក្នុងពិភពលោក” ។ ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ដ្រី ស្នើឱ្យគ្រប់មូលដ្ឋានអាជីវកម្មទេសចរណ៍បង្កើនការបណ្ដុះបណ្ដាលបដិសណ្ឋារកិច្ចល្អក្នុងវិស័យទេសចរណ៍ដល់បុគ្គលិឱ្យកាន់តែទូលំទូលាយទៅតាមកម្មវិធីសិក្សា (Curriculum) បដិសណ្ឋារកិច្ចល្ អក្នុងវិស័យទេសចរណ៍ ដែលក្រសួងទេសចរណ៍បានដាក់ចេញ និងស្នើឱ្យមានការប្រឡងប្រណាំងផ្ទៃក្នុងដល់បុគ្គលិកតែម្ដង ដោយមូលដ្ឋានអាជីវកម្មជាអ្នកវាយតម្លៃដោយផ្ទាល់ចំពោះ ការបម្រើសេវាបដិសណ្ឋារកិច្ចល្អរបស់បុគ្គលិកខ្លួនឯងដោយផ្ទាល់ ហើយតាមរយៈសមាគមក្នុងឧស្សាហកម្មទេសចរណ៍តាមវិស័យនីមួយៗ នឹងជម្រុះបុគ្គលិកឆ្នើមៗរួចផ្ញើមក ក្រ សួង ទេសចរណ៍ដើម្បីធ្វើការវាយតម្លៃនឹងទទួលស្គាល់បូកសរុបនៅកម្រិតថ្នាក់ជាតិជារៀងរាល់ឆ្នាំ ។
“បដិសណ្ឋារកិច្ចល្អជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា”
“បដិសណ្ឋារកិច្ចល្អទេសចរណ៍មានកំណើន”