កម្ពុជា-ចិន រួមគ្នាផ្សព្វផ្សាយគោលដៅទេសចរណ៍ និងបង្កើនកិច្ចសហការដ៏ស្អិតរមួត
នាល្ងាចថ្ងៃទី ២៩ ខែមករា ឆ្នាំ២០១៩ ក្រសួងទេសចរណ៍កម្ពុជា បានសហការជាមួយក្រសួងវប្បធម៌ និងទេសចរណ៍ចិន រៀបចំកម្មវិធីផ្សព្វផ្សាយទេសចរណ៍រួមគ្នា កម្ពុជា-ចិន ដើម្បីអបអរសាទរការបើកសម្ពោធ ឆ្នាំទេសចរណ៍ និងវប្បធម៌ ជាលើកដំបូង ដែលប្រព្រឹត្តទៅសណ្ឋាគារសុខារ៉េសុីដង់ភ្នំពេញ ក្រោមអធិបតីភាពឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង តំណាងដ៏ខ្ពស់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងមានការចូលរួមពីក្រសួងស្ថាប័នពាក់ព័ន្ធ ប្រតិបត្តិករទេសចរណ៍ និងផ្នែកឯកជននៃប្រទេសទាំងពីរ ប្រមាណ ២៥០នាក់។
ប្រទេសចិន និងកម្ពុជាមានប្រវត្តិទំនាក់ទំនងមិត្តភាព និងសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច នយោបាយ ពាណិជ្ជកម្ម វប្បធម៌ និងប្រវត្តិសាស្ត្រដ៏យូរលង់ណាស់មកហើយ។ តាមរយៈចម្លាក់លើជញ្ជាំងប្រាសាទអង្គរវត្តបានបង្ហាញពីទិដ្ឋភាពដ៏រស់រវើកនៃការ ប្រា ស្រ័យទាក់ទងគ្នារវាងប្រជាជនចិន និងកម្ពុជាតាំងពី ១ពាន់ឆ្នាំមុន។ ប្រទេសទាំងពីរ ជាប្រទេសជិតខាងល្អ មិត្តល្អ ដៃគូល្អ និងបងប្អូនល្អ។
ការអភិវឌ្ឍរីកចម្រើនរបស់កម្ពុជា គឺមិនអាចកាត់ផ្តាច់បានពីការជួយឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាង ពីរដ្ឋាភិបាល និងប្រជាជនចិន។
អនាគតនៃវិស័យទេសចរណ៍កម្ពុជា មិនអាចកាត់ផ្តាច់ចេញពីការស្រូបទាញកំណើននៃលំហូរទេសចរ និងវិនិយោគិនចិនបានទេ។
កម្ពុជាពិតជាមានសុទិដ្ឋិនិយម និងគាំទ្រយ៉ាងពេញទំហឹងនូវការដាក់ចេញនូវយុទ្ធសាស្ត្រ ខ្សែក្រវ៉ាត់ និងវិថី របស់ ឯកឧត្តមប្រ ធា នាធិបតីចិន ស៊ី ជីនពីង ដែលនឹងធ្វើអោយប្រទេសតាមបណ្តោយផ្លូវសូត្រ រួមទាំង អាស៊ាន និងកម្ពុជា ទទួលបាននូវវិបុលភាព និងការរីកចម្រើនលើគ្រប់វិស័យ។