ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ វាយ​តម្លៃ​ខ្ពស់​ចំពោះ​កម្មវិធី​ពង្រឹង​សមត្ថភាព​ពាណិជ្ជកម្ម​ក្នុង​វិស័យ​ទេសចរណ៍ ៤​ឆ្នាំ​មក​នេះ

ក្នុង​រយៈពេល​ជាង ៤ឆ្នាំ ដែល​កម្ពុជា​បាន​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ពង្រឹង​សមត្ថភាព​ពាណិជ្ជកម្ម​ក្នុង​វិស័យ​ទេសចរណ៍ គឺ​បាន​ចូលរួម​ជា​ផ្លែផ្កា​ដល់ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​កម្ពុជា ជាពិសេស ជួយ​ស្តារ​វិស័យ​ទេសចរណ៍​ក្នុង​អំឡុងពេល​ទទួល​រងឥទ្ធិពល​កូវីដ១៩។ នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង ទេសចរណ៍ ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃនេះ។

ក្រសួង​ទេសចរណ៍ និង​ទីភ្នាក់ងារ​បារាំង​សម្រាប់​អភិវឌ្ឍន៍ (AFD) កាល​ពី​ថ្ងៃទី​២២ ខែ​ធ្នូ ឆ្នាំ ២០២២ បាន​រៀបចំ "សិក្ខា​សាលា​ផ្សព្វផ្សាយ​សមិទ្ធផល​នៃ​ការ​អនុវត្ត​កម្មវិធី​ពង្រឹង​សមត្ថភាព​ពាណិជ្ជកម្ម ក្នុង​វិស័យ​ទេសចរណ៍" (TCBP) ក្រោម​អធិបតីភាព​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក ហ្សាក់ បឺឡេ ឯកអគ្គរដ្ឋ​ទូត​សាធារណរដ្ឋ​បារាំង​ប្រចាំ​កម្ពុជា និង​លោកស្រី សង់ឌីន ប៊ូស្សេ នាយិកា​ទីភ្នាក់ងារ​បារាំង​សម្រាប់​អភិវឌ្ឍន៍ (AFD) ប្រចាំកម្ពុជា។

ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តី​ក្រសួង​ទេសចរណ៍ បាន​លើក​ឡើង​តាម​រយៈសេចក្តី​ប្រកាស​ព័ត៌មាន​ថា ក្រោយ​ការ​ដាក់​ឱ្យ​អនុវត្ត​អស់រយៈពេល​ជាង ៤ឆ្នាំ កន្លង​មកនេះ ឃើញ​មាន​សមិទ្ធផល​សំខាន់ៗ​ជាច្រើន​ដែល​ត្រូវ​បាន​សម្រេច​ក្រោម​ក្របខ័ណ្ឌ​នៃ​កម្មវិធី ដែល​បាន​ចូលរួម​ជា​ផ្លែផ្កា​ដល់​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​កម្ពុជា ជាពិសេស អំឡុងពេល​ទទួល​រង​ឥទ្ធិពល​យ៉ាង​ធ្ងន់ធ្ងរ​ដែល​មិន​ធ្លាប់​មាន​ពី​វិបត្តិ​ជំងឺ​កូវីដ១៩ សកម្មភាព​ជាច្រើន​របស់ TCBP ត្រូវ​បាន​បង្វែរ​មក​ចូលរួម​ដល់​ការ​ខិតខំ​ស្តារ និង​ជំរុញ​កំណើន​ទេសចរណ៍​ឡើងវិញ​ពី​វិបត្តិ ស្របតាម​ការចង្អុល​បង្ហាញ​នៅ​ក្នុង «ផែនទី​ចង្អុល​ផ្លូវ​ស្តីពី​ផែនការ​ស្តារ​និង​លើក​ស្ទួយ​វិស័យ​ទេសចរណ៍​កម្ពុជា​ក្នុង​និង​ក្រោយ​វិបត្តិ​ជំងឺ​កូវីដ១៩»។

លោក​ឱ្យ​ដឹង​ថា ទីភ្នាក់ងារ​បារាំង​សម្រាប់​អភិវឌ្ឍន៍ បាន​ផ្ដល់​ហិរញ្ញប្បទាន​ឥណទាន ក្នុង​ទំហំ​ទឹក​ប្រាក់​ចំនួន ១១​លាន​អឺរ៉ូ សម្រាប់​សាងសង់​សាលាជាតិ​វិជា្ជជីវៈ​ទេសចរណ៍​ចំនួន ២​ទីតាំង នៅ​រាជធានី​ភ្នំពេញ និង​នៅ​ខេត្ត​ព្រះសីហនុ ដែល​បាន​ប្រារព្ធ​ពិធី​បើក​ការដ្ឋាន​សាងសង់​ជា​ផ្លូវការ កាល​ពី​ថ្ងៃទី​២៤ ខែ​វិច្ឆិកា ឆ្នាំ២០២២។

លោកថា៖ «ការ​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង សម្រាប់​ការ​អនុវត្ត​កម្មវិធី​ពង្រឹង​សមត្ថភាព​ពាណិជ្ជកម្ម​ក្នុង​វិស័យ​ទេសចរណ៍ (TCBP) នេះ ផ្សារភ្ជាប់ នឹង​គម្រោង​សាងសង់​សាលាជាតិ​វិជ្ជាជីវៈ​ទេសចរណ៍ គឺជា​សក្ខីភាព​ដ៏​សំខាន់​មួយទៀត​នៃ​ការ​គាំទ្រ​របស់​បារាំង ដើម្បី​ភាព​រីក​ចម្រើន​នៃ​វិស័យ​ទេសចរណ៍​កម្ពុជា។

 

លោក ហ្សាក់ បឺឡេ ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​បារាំង​ប្រចាំ​កម្ពុជា បាន​ចាត់​ទុក​ការ​អនុវត្ត​គម្រោង​ទាំងឡាយ​នេះ​ថា ជា​សក្ខីភាព​មួយ​ទៀត​នៃ​ការ​ចូលរួម​របស់​ប្រទេស​បារាំង​ក្នុង​ការ​ជួយ​ដល់​វិស័យ​សេដ្ឋកិច្ច សង្គម​របស់​ប្រទេស​កម្ពុជា។

លោក​ជឿជាក់​ថា ផ្លែផ្កា​នៃ​ការ​អនុវត្ត​កម្មវិធី​ពង្រឹង​សមត្ថភាព​ពាណិជ្ជកម្ម ក្នុង​វិស័យ​ទេសចរណ៍ (TCBP) នេះ នឹង​ជួយ​បង្កើត​ឱកាស​សេដ្ឋកិច្ច​សម្រាប់​ប្រតិបត្តិករ​ទេសចរណ៍ និង​សហគមន៍​ទេសចរណ៍​មូលដ្ឋាន និង​ជួយ​ផ្សព្វផ្សាយ​ពី​ទេសចរណ៍​កម្ពុជា​ទៅ​កាន់​ទីផ្សារ​ពិភពលោក កាន់តែ​ទូលំទូលាយ ដែល​ជា​ប្រយោជន៍​ឆ្ពោះ​ទៅ​ការ​ងើប​ឡើងវិញ​នៃ​សេដ្ឋកិច្ច​កម្ពុជា​នា​ពេល​ខាងមុខ។

ជាមួយគ្នានេះ លោក អាំង សុវណ្ណរ័ត្ន អគ្គនាយករង​នៃ​ក្រសួង​ទេសចរណ៍ និង​ជា​នាយកកម្ម​វិធី TCBP បាន​ឱ្យ​ដឹង​ថា ជា​លទ្ធផល​កម្មវិធី TCBP នេះ​បាន​អនុវ​ត្តលើ​សកម្មភាព​ចម្បងៗ ចំនួន ១៨ ដែល​ផ្តោត​សំខាន់​លើ​ការ​ពង្រឹង​សមត្ថភាព​ក្រសួង​ទេសចរណ៍ ក្នុង​ការ​អនុវត្តគោលនយោបាយ និង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​កម្ពុជា ការ​ពង្រឹង​សមត្ថភាព​វិស័យ​ឯកជន ក្នុង​វិស័យ​ទេសចរណ៍ ការ​សិក្សា​ស្រាវជ្រាវ និង​ការ​អនុវត្ត​គម្រោង​គំរូ។

លោកបានឱ្យដឹងថា កម្មវិធី​ពង្រឹង​សមត្ថភាព​ពាណិជ្ជកម្ម​ក្នុង​វិស័យ​ទេសចរណ៍ បាន​ចាប់​ផ្តើម​អនុវត្ត​ចាប់​ពី​ពាក់​កណ្ដាល​ឆ្នាំ ២០១៨ ដល់​ឆ្នាំ ២០២២ ពោល​គឺ​មានរយៈពេល ៤ ឆ្នាំ​កន្លះ ក្រោម​កិច្ច​សហការ​រវាង​ក្រសួង ទេសចរណ៍ ទីភ្នាក់ងារ​បារាំង សម្រាប់​អភិវឌ្ឍន៍​ប្រចាំ​កម្ពុជា ដោយ​មាន​ការ​ចូលរួម​ធាតុចូល និង​សម្របសម្រួល​ពី​អគ្គនាយកដ្ឋាន វិទ្យាស្ថានជាតិ និង​នាយកដ្ឋាន​ជំនាញ​ពាក់​ព័ន្ធ​ចំណុះ​ឱ្យ​ក្រសួង​ទេសចរណ៍ ការ​គាំទ្រ​ពី​ក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ អង្គការជាតិ-អន្តរជាតិ និង​រដ្ឋបាល​រាជធានី-ខេត្ត ការ​ចូលរួម​ពី​វិស័យ​ឯកជន និង​មន្ទីរទេសចរណ៍​រាជធានី-ខេត្ត។

គួរបញ្ជាក់ផងដែរថា ក្រោម​ក្រប​ខ័ណ្ឌ​នៃ​កម្មវិធី TCBP បាន​អនុវត្ត​សកម្មភាព​ជាច្រើន ដូចជា ការ​សិក្សា​ស្រាវជ្រាវ​ជាច្រើន ដែល​ត្រូវ​យក​មក​ប្រើប្រាស់​ជា​មូលដ្ឋាន សម្រាប់​ការ​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ អភិវឌ្ឍន៍​ទេសចរណ៍ ទាំង​នៅ​ថ្នាក់ជាតិ ថ្នាក់ក្រោម​ជាតិ និង​នៅ​តាម​គោលដៅ​ទេសចរណ៍​សំខាន់ៗ និង​ការ​អភិវឌ្ឍ​ថ្នាល​បច្ចេកវិទ្យា គាំទ្រ​ដល់​ការ​កសាង​ទេសចរណ៍​ឆ្លាត​នៅ​កម្ពុជា រួម​ជាមួយ​ការ​រៀបចំ​ក្រមសីលធម៌​វិជ្ជាជីវៈ និង​ក្រមប្រតិបត្តិ​វិជ្ជាជីវៈ សម្រាប់​សាលា​វិជ្ជាជីវៈ​ទេសចរណ៍ និង​សមាគម​ឧស្សាហកម្ម​ទេសចរណ៍៕

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.