"កិច្ចប្រជុំក្រុមការងារជម្រុញ ណែនាំ និងតាមដានការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ នៅក្នុងដំណាក់កាលជំងឺកូវីដ-១៩" និងចែកជូនឡាប៊ែលវិធានសុវត្ថិភាពទេសចរណ៍ដល់តំណាងម្ចាស់មូលដ្ឋានអាជីវកម្មសេវាកម្មចំនួន១០កន្លែង
(ខេត្តព្រះវិហារ) នាថ្ងៃអង្គារ ៤រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០ មន្ទីរទេសចរណ៍ខេត្តព្រះវិហារ សហការណ៍ជាមួយរដ្ឋបាលសាលាខេត្តព្រះវិហារ បានរៀបចំកិច្ចប្រជុំក្រុមការងារជម្រុញ ណែនាំ និងតាមដានការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ នៅក្នុដំណាក់កាលជំងឺកូវីដ-១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ និងមានការចូលរួមពីឯកឧត្តម លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរអង្គភាព អភិបាលក្រុងស្រុក ដែលជាសមាជិក សមាជិកានៃក្រុមការងារជំរុញ និងតាមដានការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ខេត្តព្រះវិហារ និងប្រតិបត្តិករទេសចរផងដែរ។
ក្រុមការងារលេខាធិការដ្ឋានខេត្ត បានផ្សព្វផ្សាយ និងត្រួតពិនិត្យការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍នៅតាមអាជីវកម្មសេវាកម្មស្នាក់នៅទេសចរណ៍ សេវាកម្មភោជនីយដ្ឋាន-អាហារដ្ឋានទេសចរណ៍ សេវាកម្មដឹកជញ្ជូនភ្ញៀវទេសចរណ៍ផ្លូវគោក រមណីយដ្ឋានទេសចរណ៍ និងសហគមន៍ទេសចរណ៍នៅក្នុងខេត្ត។ ឆ្លងតាមការត្រួតពិនិត្យនិងវាយតម្លៃអំពីការចូលរួមអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ មានមូលដ្ឋានអាជីវកម្មទេសចរណ៍ចំនួន៣១ទីតាំង នៅក្នុងខេត្តព្រះវិហារទទួលបាននូវឡាប៊ិលវិធានសុវត្ថិភាពទេសចរណ៍។ ចំពោះអាជីវកម្មដែលពុំទាន់បានទទួលនូវឡាប៊ិលវិធានសុវត្ថិភាពទេសចរណ៍ ក្រុមការងារនឹងបន្តចុះពង្រឹងបន្ថែម
ទៀត៕