ក្រសួងទេសចរណ៍កម្ពុជាគាំទ្រ និងជំរុញកិច្ចសហប្រតិបត្តិការវិស័យឯកជនក្នុងមហាអនុតំបន់មេគង្គ (GMS)!
កិច្ចប្រជុំកំពូលទេសចរណ៍មេគង្គលើកទី ២ ឆ្នាំ២០២១ ចាប់ពីថ្ងៃទី២១-២២ ខែតុលា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធវីដេអូ បានបង្ហាញពីស្មារតីនៃកិច្ចសហប្រតិបត្តិការរវាងវិស័យឯកជននៅក្នុងមហាអនុតំបន់មេគង្គ (GMS) និងទិសដៅបន្តដើម្បីរួមគ្នាបន្តជំរុញការផ្សព្វផ្សាយវិស័យទេសចរណ៍នៅក្រោយវិបត្តិ។
នាឱកាសកិច្ចប្រជុំកំពូលនេះ ឯកឧត្តម ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ មានកិត្តិយសថ្លែងសន្ទរកថារយៈពេល ៥នាទី ដើម្បីបង្ហាញជំហ៊ររបស់ក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា ដែលគ្រោងធ្វើជាម្ចាស់ផ្ទះសាគមន៍អង្គភាពទេសចរណ៍មេគង្គ (Destination Mekong) មានទីតាំងនៅទីស្តីការក្រសួងទេសចរណ៍ សំដៅជំរុញផ្សព្វផ្សាយទេសចរណ៍មេគង្គ និងកម្ពុជាលើឆាកអន្តរជាតិឲ្យកាន់តែផុសផុសបន្ថែមទៀត។
វិស័យឯកជនរបស់កម្ពុជាចំនួន ៥ស្ថាប័ន បានចែករំលែកផែនការរបស់ខ្លួនអំឡុង និងក្រោយវិបត្តិ ដោយផ្តោសំខាន់លើការពង្រឹងភាពធន់របស់អាជីវកម្ម (Resilience) ការត្រៀមផ្សព្វផ្សាយឡើងវិញគោលដៅទេសចរណ៍ចម្បងៗរបស់កម្ពុជា ការបណ្តុះបណ្តាលធនធានមនុស្សនិងពង្រឹងគុណភាពសេវាកម្ម និងការពង្រីកផលិតផល និងសេវាកម្មរបស់ខ្លួន ខណៈប្រទេសត្រៀមបើកទទួលទេសចរអន្តរជាតិឡើងវិញនៅពេលខាងមុខ ជាពិសេសការចូលរួមចលនាទេសចរណ៍ក្នុងស្រុកដែលកំពុងតែមាននិន្នាការខ្ពស់ផងដែរ។